Mar 9, 2015

ក្រសួង​អប់រំ​ប្រកាស​​ពី​ការ​រៀបចំ​​ប្រឡង​បាក់​​ឌុប​ឆ្នាំ​​សិក្សា​​២០១៥

ក្រសួង​​អប់រំ យុវជន និង​​កីឡា​​នៅតែ​​បន្ត​ពង្រឹង​​ការអនុវត្ត​​តាម​​គោលការណ៍​​នៃ​​កំណែទម្រង់​ ​ការប្រឡង​​បាក់​ឌុប​​ថ្នាក់​ទី​​១២​​កាលពី​ឆ្នាំ​​២០១៤​​កន្លង​ទៅ​​ដដែល ដោយ​​ធ្វើ​ការ​កែ​លម្អ​ចំណុច​ខ្វះខាត​ផ្នែក​បច្ចេក​ទេស​​​មួយ​ចំនួន​​ ប៉ុណ្ណោះ​។ បើ​យោង​ទៅតាម​​សេចក្តីប្រកាស​ព័ត៌​មាន​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា​នៅ​ថ្ងៃទី​០៩​ខែ​មីនា​នេះ ក្រសួង​បាន​ប្រកាស​ជូន​សិស្សានុសិស្ស​ថ្នាក់​ទី​១២ និង​សាធារណជន​ឲ្យ​បាន​​​ជ្រាប​ពី​ការរៀបចំ​ការ​ប្រឡង​ថ្នាក់​ទី​១២ សម័យ​ប្រឡង​ថ្ងៃទី​២៤​ខែ​សីហា​ឆ្នាំ​២០១៥​។ ចំណុច​នៃ​ការរៀបចំ​ការប្រឡង​ទាំងនោះ​មាន​ដូចជា​៖


-​បន្ត​ប្រគល់​សិទ្ធិ​អំណាច​ការទទួលខុសត្រូវ​ជូន​គ្រូបង្រៀន​ដឹកនាំ​ ការប្រលង​ឆមាស​តាម​ថ្នាក់ តាម​មុខវិជ្ជា​ដែល​ខ្លួន​បាន​បង្រៀន​ផ្ទាល់ និង​មិន​យក​ពិន្ទុ​ប្រលង​ឆមាស​ទៅ​បូក​ជាមួយ​ពិន្ទុ​ប្រលង​ថ្នាក់ជាតិ​ទេ ប៉ុន្តែ​យក​ជា​បេក្ខភាព​ប្រលង ហើយ​មិន​ចាំបាច់​មាន​ការប្រល​ងឡើងវិញ​ចំពោះ​បេក្ខជន​ដែល​មាន​ពិន្ទុ​ ប្រចាំឆ្នាំ​ធ្លាក់​មធ្យមភាគ​។​
-​បន្ត​ប្រមូលផ្តុំ​មណ្ឌល​ប្រលង​នៅ​ទី​រូ​ម​រាជធានី និង​ទី​រួម​ខេត្ត​ដោយ​យក​គ្រឹះស្ថាន​សិក្សា​គ្រប់​ប្រភេទ ចាប់ពី​ប​ឋ​បម​សិក្សា​ឡើងទៅ ទាំង​សារ​ធា​រណៈ ទាំង​ឯកជន​ធ្វើជា​មណ្ឌល​ប្រលង​។ ក្នុងករណី​ខេត្ត​ណា​​ដែល​មិន​អាច​អនុវត្តបាន ត្រូវ​ប្រមូលផ្តុំ​នៅ​ទីរួមស្រុក​ដែល​នៅ​ជិត​ទី​រួម​ខេត្ត​ជាងគេ​។​
-​ធ្វើការ​សម្របសម្រួល​ស​មាស​ភាព​និយាម​ប្រើប្រាស់​គណៈមេប្រយោគ​មួយចំនួន និង​ស្នើសុំ​គោលការណ៍ឧ​ប​ត្ត​ម្ភ​មេ​ប្រយោគ​យ៉ាងតិច​ឲ្យបាន​ស្មើ​ឆ្នាំ​២០១៤ ​។​
-​បន្ត​រៀបចំ​ប្រធាន​វិញ្ញាសារ​៧​មុខវិជ្ជា និង​មាន​២​ទម្រង់ គឺ​ទម្រង់​ចែក​ជូន​បេក្ខជន និង​ទម្រង់​កត់​លើក្តា​ខៀន ហើយ​បេក្ខជន​ម្នាក់ៗ​ត្រូវបាន​ចែក​ក្រដាស​ប្រលង​ឲ្យ​ដើម្បី​សរសេរ​ចម្លើយ​។​
-​បន្ត​ស្នើសុំ​កិច្ចសហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​ការចូលរួម​សង្កេតការណ៍​ដំណើរការ​ប្រឡង​ ចាប់ពី​ដំណើរការ​សំណេរ​រហូតដល់​ពេល​ប្រកាស​លទ្ធផល​ប្រឡង​។​
-​មិន​ចាំបាច់​រៀបចំ​ឲ្យមាន​ការប្រឡង​លើកទី​២​ទៀត​ទេ លើកលែងតែ​មាន​ករណី​ប្រធាន​សក្តិ​។​

ដើម្បីឲ្យ​ការប្រឡង​ប្រព្រឹត្តទៅ​ប្រកបដោយ​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ក្រសួង​អប់រំ​យុវជន​និង​កីឡា​អំពាវនាវ​ដល់​សិក្សានុសិស្ស​ថ្នាក់ទី​១២​ ទាំងអស់ ត្រូវ​ខិតខំ​រៀន​សូត្រ និង​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង​ផ្ទាល់ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​នៅ​ពេល​ប្រឡង​ក្នុង​ខែ​សីហា​ខាង​មុខ​។ សូម​បញ្ជាក់​ដែរ​ថា ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ ​ឬ​សាកសួរ និង​បញ្ចេញ​យោបល់​ពាក់​ព័ន្ធ​នឹង​ការប្រលង​ខាងលើ សិស្សានុសិស្ស​និង​សាធារណជន​អាច​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម​ផ្លូវ​ការណ៍​ របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​មាន​អាស័យដ្ឋាន www.facebook.​com/​moeys.gov.kh៕ (​ដោយ​៖​អ៊ុន សុខ​ឡា​)